គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ពានរង្វាន់ Thnot d’Or ២០២៤ : និស្សិត១១ ក្រុមឈានទៅវគ្គផ្តាច់ព្រ័ត្រ

កាលបរិច្ឆេទ: ១០ ឧសភា ២០២៤ / កសិកម្ម / Author : ATH Sokren

កាលពីថ្ងៃទី៣០ មេសាកន្លងទៅនេះ ក្រោមអធិបតីភាពរបស់លោកបណ្ឌិត អៃ សុងហ៊ាង ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ការបណ្តុះបណ្តាលវិជ្ជាជីវៈប្រចាំតំបន់នៃក្រសួងអប់រំ យុវជន និងកីឡា គណៈមេប្រយោគពានរង្វាន់ត្នោតមាស ឬ Thnot d’Or ២០២៤ បានជ្រើសរើសបេក្ខជនចំនួន១១ក្រុម សម្រាប់វគ្គផ្តាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ កក្កដា​ ខាងមុខនេះ។

ក្នុងចំណោមបេក្ខជនទាំង១១ក្រុម ៦ក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ១ក្រុមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២ក្រុមមកពីវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ ១ក្រុមមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមួយ​ក្រុមទៀតមកពីវិទ្យាស្ថានសន្តប៉ូលខេត្តតាកែវ។

«ការ​ច្នៃប្រឌិតបង្កើនគុណតម្លៃ​ផលិត​ផល​រុក្ខជាតិមាន​ប្រយោជន៍​​ដល់​សុខភាព សម្រាប់​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារអន្តរជាតិ»​​ គឺជាប្រធានបទនៃការស្រាវជ្រាវសម្រាប់ឆ្នាំនេះ។ និស្សិតចំនួន២៩ក្រុម បានផ្ញើគម្រោងស្រាវជ្រាវសង្ខេបរបស់ខ្លួនអមដោយអំណះអំណាង​ទៅគណៈមេប្រយោគដើម្បីធ្វើការជ្រើសរើសក្នុង​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។

តែសុខភាព ផលិតផលផលិតចេញពីបន្លែ រុក្ខជាតិ និងចំណីអាហារដែលមានអាហាររូបត្ថម្ភគឺមាននៅក្នុងគម្រោងដែលគណៈមេប្រយោគបានជ្រើសរើស។ ក្រុមនិស្សិតទាំងនោះមានពេលពីរខែដើម្បីធ្វើការស្រាវជ្រាវបញ្ចប់គម្រោងរបស់ខ្លួន ហើយត្រូវធ្វើបទបង្ហាញចំពោះមុខគណៈមេប្រយោគអំពីគំរូដើមនៃផលិតផលរបស់ពួកគេ និងបង្ហាញថាផលិតផលនោះជាផលិតផលថ្មីស្រឡាងចេញពីគំនិតច្នៃប្រឌិតរបស់ពួកគេ បង្ហាញពីដំណើរការនៃការផលិត អត្ថប្រយោជន៍សម្រាប់សុខភាព និងឆន្ទៈរបស់ពួកគេក្នុងការចូលរួមអភិវឌ្ឍជនបទ។

ក្រៅពីប្រធាន គណៈមេប្រយោគមានសមាសភាពដូចជា លោកសុខ សារ៉ង (មកពីស្ថាប័នចេញវិញ្ញាបនបត្រសរីរាង្គអន្តរជាតិ Ecocert) លោកឡៅ រាសី (អនុប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា) លោកហ្វីលីព ម៉ូណាំង (អគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូមេមត់ Memot Rubber Plantation) លោកបណ្ឌិតប៊ុនតុង បូរ៉ារីន (ប្រធានផ្នែកស្រាវជ្រាវ និងផ្សព្វផ្សាយនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម) និងលោកស្រីអេឡែន ហ្សីរ៉ូដេ (ជំនាញផ្នែកក្សេត្រសាស្រ្ត)។

បង្កើតឡើងនៅឆ្នាំ២០១៧ ដោយមូលនិធិគីណាល់ដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីនយោបាយទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល ពានរង្វាន់ Thnot d’Or មានគោលបំណងជំរុញលើកទឹកចិត្តនិស្សិតខ្មែរផ្នែកក្សេត្រសាស្រ្ត និងផ្នែកផលិតចំណីអាហារឲ្យធ្វើការងារស្រាវជ្រាវ និងបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីចូលរួមចំណែកអភិវឌ្ឍជនបទ៕